កាលពីព្រឹកថ្ងៃទី២ មករា ឆ្នាំ២០២២ គ្រប់គ្រឹះស្ថានអបរំទាំងអស់នៅទូទាំងប្រទេស បានបើកបវេសនកាលប្រកបដោយភាពអធឹកអធមរៀងៗខ្លួន បន្ទាប់ពីបានសម្រាកវិស្សមកាលអស់មួយរយៈ។ ក្នុងចំណោមគ្រឹះស្ថានអប់រំទាំងអស់ វិទ្យាល័យបូរី១០០ខ្នង ដែលជាគ្រឹះស្ថានអប់រំធំមួយនៅរាជធានីភ្នំពេញ ក៏បានបើកបវេសនកាលនេះក្នុងភាពអធឹកអធមផងដែរ ដោយមានវត្តមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង គណៈនាយកចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះក៏មានការចូលរួមជាគណអធិបតីដោយលោក ឃុត សុខា អភិបាលរងនៃគណៈអភិបាលខ័ណ្ឌសែនសុខ និង តំណាងអាជ្ញាធរជាច្រើនរូបផងដែរ។
លោក ភោគ ផលបុណ នាយកវិទ្យាលុយ បូរី១០០ខ្នង បានថ្លែងបញ្ជាក់ថា បរិយាកាលបើកបវេសនកាលនៅក្នុងថ្ងៃនេះ គឺសបញ្ជាក់យ៉ាងច្បាស់ថា វិទ្យាល័យបូរី១០០ខ្នងបានគោរពតាមយ៉ាងម៉ត់តាមការប្រកាសរបស់ក្រសួងអប់រំ និង បានរៀបចំខ្លួនរួចរាល់ជាស្រេចក្នុងការបណ្ដុះបណ្ដាលចំណេះដឹងដល់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី ស្របតាមគោលការណ៍របស់ក្រសួង។ ទន្ទឹមនឹងការលើកកម្ពស់វិស័យអប់រំ ស្របតាមបទដ្ឋានរបស់ក្រសួងអប់រំ សាលាទាំងមូល ជាពិសេសគណៈដឹកនាំសាលា និង លោកគ្រូអ្នកគ្រូ ក៏បានយកចិត្តទុកដាក់ លើវិន័យសិស្ស លើអនាម័យ និង ផ្ដល់អោយសិស្សនូវគុណភាពអប់រំ ប្រកបដោយគុណធម៌ និង សីលធម៌ ផងដែរ បន្ថែមពីលើចំណេះដឹងដែលបានផ្ដល់អោយ។ ជាលទ្ធផល វិទ្យាល័យហ៊ុនសែនបូរី១០០ខ្នងទាំងមូល ទទួលបានផ្លែផ្កាល្អសម្រាប់ការប្រលងបាក់ឌុបកន្លងទៅ ដោយក្នុងចំណោមសិស្សដែលជាប់ក្នុងភាគរយខ្ពស់ និង បាននិទ្ទេសល្អៗ ក៏មានសិស្សជាប់និទ្ទេស A ពីររូប ដែលបង្ហាញពីមុខមាត់សាលា និង គុណភាពក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូផងដែរ។ លោកក៏ថ្លែងអំណរគុណចំពោះ លោក ឃុត សុខា និង គណអធិបតីទាំងអស់ ដែលបានចូលរួម និង គាំទ្រចំពោះសាលានាពេលកន្លងមក។
នៅក្នុងពិធីនោះ ក៏មានការជូនកាដូអនុស្សាវរីយ៍ជូនដល់គណអធិបតី និង ជូនដល់លោកគ្រូអ្នកគ្រូ ដែលចូលនិវត្តន៍ និង បានថតរូបជាអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយផងដែរ។ ក្រោយបញ្ចប់ពិធីបើកបវេសនកាល លោកនាយក លោកនាយករង ដែលរួមមាន លោក ភោគ ផលបុណ លោក ម៉ី សុមនី និង លោក ម៉ៅ សុខណា ជានាយករង ក៏បានជួបជុំសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ដើម្បីណែនាំពីឆ្នាំសិក្សាថ្មី និង ចែកសេវាបង្រៀន ក៏ដូចជាសំណេះសំណាលទៅវិញទៅមក បង្កើនទំនាក់ទំនងល្អរវាងគណនាយក និង បុគ្គលិកនៅក្រោមឱវាទផងដែរ៕