កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ ផែនសហគ្រិនវ័យក្មេង ជួរគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែធ្វើពិធីប្រកាសតែងតាំងប្រធានសាខា និង អនុប្រធានសាខា តែប៉ុណ្ណោះទេ នៅពេលរសៀលថ្ងៃដដែល សាខាកិត្តិយស ដែលជាសាខាមួយក្នុងផែនសហគ្រិនវ័យក្មេង ក៏បានរៀបចំធ្វើពិធីប្រកាសតែងតាំង ប្រធានក្រុមទាំងអស់ជាផ្លូវការផងដែរ ដោយពិធីទាំងមូល ត្រូវបានធ្វើឡើងនៅ អគារ CEO Master Club ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេង និង លោកបណ្ឌិត ដួង អក្ខរា ដែលជាប្រធានសាខាផ្ទាល់ អមដោយសមាជិកសាខាជាច្រើនរយនាក់។ ពិធីនេះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម ខណៈដែល លោក បណ្ឌិត អោម សេងបូរ៉ា ដែលជាគណអធិបតី ក៏បានចាត់ទុកថា វត្តមានប្រធានសាខា ទាំងអស់ គឺជាកម្លាំងស្នូលដ៏សំខាន់ ក្នុងជួរគណបក្សប្រជាជនកម្ពុជា និង ស្នើអោយប្រធានសាខា អនុប្រធានសាខា និង ប្រធានក្រុម ត្រូវតែបង្កើនកម្លាំងថ្នាក់ក្រោម អោយបានរឹងមាំ ពោលគឺត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះ ប្រធានក្រុម និង សមាជិក។ ក្នុងនោះ លោកបណ្ឌិត ក៏ទទូចអោយរួមគ្នាការពារ និង ថែរក្សាសន្តិភាព និង ត្រូវចូលរួមបោះឆ្នោត ជូនគណបក្សកម្ពុជា អោយឈ្នះភ្លូកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ខាងមុខ។

លោកបណ្ឌិត ដួង អក្ខរា ក៏ថ្លែងកោតសរសើរចំពោះ អនុប្រធានក្រុមទាំងអស់ ដែលបានគៀងគរប្រធានក្រុម និង សមាជិក ធ្វើអោយសាខាកិត្តិយសកើនសមាជិកជារៀងរាល់ថ្ងៃ ដោយមកទល់ពេលនេះ ក្នុងផែនសាខាកិត្តិយសទាំងមូល ក៏មានសមាជិករាប់ទាំងអនុប្រធាន ប្រធានក្រុម និង សមាជិក ប្រមាណជា១ពាន់ហើយ និងកំពុងបន្តគៀងគរទៀត ដើម្បីអោយម្ចាស់អាជីវកម្មបានចូលរួមក្នុងជីវភាពនយោបាយកាន់តែច្រើន។

ក្នុងពិធីប្រកាសតែងតាំងនោះ លោក ផាត់ តារារដ្ឋ ដែលជាអនុប្រធានសាខាមួយរូប បានអះអាងថា សម្រាប់ក្រុមលោក មានសមាសភាពចំនួន១២រូប ដែលត្រូវប្រកាសតែងតាំងជាប្រធានក្រុមផ្លូវការ ដែលក្នុងនោះរួមមាន លោក រុន ណាកូ MC ផ្ទះតារា, អ្នកស្រី ប៊ុត ច័ន្ទសោភ័ណ្ឌ ហៅ រ៉េតរ៉ូស តារាសម្ដែង, ឯកឧត្តម អ៊ុល សំអាង ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាម្ចាស់វង់ល្ខោនអ៊ុលសំអាងរាជធានីភ្នំពេញ, លោកជំទាវ រីយ៉ា ត្រាណេ ប្រធានសារមន្ទីរជាតិពិន្ទុវិទ្យា, លោក កែវ វាសនា ម្ចាស់ភោជនីយដ្ឋាន House Of ‘D Ming, អ្នកស្រី ប៉ូ ស្រីគង្គ ប្រធានមណ្ឌលកុមារកំព្រាស្នៃាមញញឹមនៃក្ដីសង្ឃឹមកុមារ, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង និង ជាម្ចាស់អាជីវកម្មមួយរូប, កញ្ញា វង់ សុម៉ាលីន និពន្ធនាយក សារព័ត៌មាន ផ្ទះតារា, លោកស្រី រៃ សុភា អគ្គនាយិកា ហាងថែរក្សាសម្ផស្ស Sophea Skin Care, លោក ឆាយ វណ្ណៈ ម្ចាស់ផលិតកម្ម Amnard Media , លោក គង់ ប៊ុនថន ប្រធានបណ្ដាញបុរស អ្នកស្រលាញ់ភេទដូចគ្នា នៅកម្ពុជា, និង លោក វង្ស សច្ចៈវិជ្ជា អ្នកសារព័ត៌មាន។ លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា ដែលមានកេរ្ត៍ឈ្មោះនៅលើបណ្ដាញសង្គមបញ្ជាក់ថា ដោយសារតែចង់ចូលរួមការពារសន្តិភាព និង ចង់ចូលរួមក្នុងឆាកនយោបាយ ទើបលោកសម្រេចចិត្តដឹកនាំ សមាជិក មកចូលរួមក្នុងផែនសហគ្រិនវ័យក្មេង។ ជំនួសអោយប្រធានក្រុម លោកក៏ថ្លែងអំណរគុណផងដែរ ដែលប្រធានសាខា លោកបណ្ឌិត ដួង អក្ខរា បានរៀបចំពិធីប្រកាសតែងតាំងនេះឡើង និង អរគុណដល់លោកបណ្ឌិត អោម សេងបូរ៉ា ដែលផ្ដល់ជាកិត្តិយស មកប្រគល់លិខិតតែងតាំងដល់ប្រធានក្រុមគ្រប់រូប ដោយផ្ទាល់។


LEAVE A REPLY

Please enter your comment!
Please enter your name here