យោងតាមកិច្ចប្រជុំអន្តរជាតិធំមួយ នៅខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ពិភពលោកនៅតែសម្ដែងការព្រួយបារម្ភ ពីជម្ងឺរបេង ដែលនៅតែបន្តសម្លាប់មនុស្សក្នុងចំនួនច្រើនជារៀងរាល់ឆ្នាំ។ ក្នុងនោះ លោក ជួប សុខចំរើន ប្រធានអង្គការ KHANA បានលើកឡើងថា នៅប្រទេសកម្ពុជា ជម្ងឺរបេង នៅតែមានអ្នកឆ្លង ហើយក្នុងមួយឆ្នាំ មានអ្នកឆ្លងចាស់ និង អ្នកឆ្លងថ្មី យ៉ាងហោច ជាង៥ម៉ឺននាក់។

ក្នុងនោះអ្នកស្លាប់នៅកម្ពុជា មានរហូតដល់២៣ករណី ក្នុងចំណោម១សែននាក់ ដែលស្មើនឹងជាង៣០០០នាក់ ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេស ដែលកត្តាឆ្លង និង ស្លាប់នេះ គឺដោយសារតែអ្នកកើតជម្ងឺរបេង ខ្វះការយល់ដឹង និង មិនព្រមទៅធ្វើការព្យាបាលអោយបានត្រឹមត្រូវ។ លោកទទូចអោយពលរដ្ឋ ដែលមានសភាពចុះស្គមលឿន បែកញើសពេលយប់ និង មានបញ្ហាឈឺឆ្អឹងឈឺឆ្អែងខុសប្រក្រតី ទៅពិនិត្យរកមេរោគរបេង និង ស្វែងរកការព្យាបាលអោយបានរួសរាន់ ដើម្បីបញ្ជៀសអត្រាចម្លង និង ស្លាប់ ដោយសារតែការព្យាបាលជម្ងឺរបេង គឺគ្មានការបង់ថ្លៃ។

នៅក្នុងកិច្ចប្រជុំដ៏ធំក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនេះ តំណាងប្រទេសនីមួយៗ ក៏បានចែករំលែកពីបទពិសោធន៍ នៃការទប់ស្កាត់ និង កាត់បន្ថយជម្ងឺរបេង នៅតាមបណ្ដាប្រទសនីមួយៗផងដែរ ដោយក្រុមប្រទេសដែលចូលរួម សុទ្ធតែបង្ហាញពីការប្ដេជ្ញា រួមគ្នាធ្វើយ៉ាងណា អោយជម្ងឺដែលនៅតែបន្តសម្លាប់មនុស្សនៅលើពិភពលោកមានការថយចុះ។ ក្នុងនោះយុទ្ធនាការនៃការផលិតឱសថព្យាបាលដែលកាត់បន្ថយរយៈពេល និង វ៉ាក់សាំងជាដើម ក៏ត្រូវបានអង្គពិធីទាំងមូល ផ្ដោតលើការស្នើសម្រេច ដើម្បីអោយមានសញ្ញាវិជ្ជមានជារួម នៅលើពិភពលោកផងដែរ។

នៅក្នុងកិច្ចប្រជុំរយះពេល៣ថ្ងៃនោះ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ ពិធីករ ផ្ទះតារា ក៏ត្រូវបានអញ្ជើញអោយតំណាងកម្ពុជា ដើម្បីចូលរួមផងដែរ ដើម្បីអោយអ្នកទាំងពីរទទួលបាននូវចំណេះដឹង និង ចូលរួមផ្សព្វផ្សាយ អោយបានទូលំទូលាយ ទៅកាន់ស្រទាប់មហាជន ក្នុងនាមជាតំណាងសិល្បករកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here